"តើកូនស្រីអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានដែរឬទេ?"
"កុំដើរលេងច្រើនដូចកូនប្រុសខ្លួនឯងជាស្រី" សម្ដីឳពុកម្ដាយដែលតែងតែនិយាយទៅកាន់កូនស្រីរបស់ពួកគាត់ជារឿយៗស្តាប់ដោយមិនគិតព្រោះគិតថាគំនិតមនុស្សចាស់ត្រឹមត្រូវពួកគាត់ស្គាល់ពិភពលោកមុនយើង។ ចេញពីផ្ទះទៅសាលា ចេញពីសាលាទៅផ្ទះ ទៅណាមកណាជាមួយតែក្រុមគ្រួសារនិងសាច់ញាតិមិត្តភក្តិមានតែនៅសាលារៀនហើយកន្លែងដែលធ្លាប់ទៅគឺគ្មានទីណាក្រៅពីផ្ទះនិងសាលារៀន។ វាជាការពិតដែលធ្វើអញ្ចឹងមានភាពកក់ក្តៅដោយសារយើងតែងតែមានអារម្មណ៍ថាសុវត្ថិភាពគ្រប់ពេលវេលា។ ប៉ុន្តែមានសំណួរជាច្រើនដែលកូនស្រីសួរខ្លួនឯង "តើមនុស្សស្រីដែលឆ្ងល់អត់ថាតើសង្គមនិងពិភពលោកពិតប្រាកដដំណើរការយ៉ាងដូចម្តេច?" តើវាដំណើរការដូចដែលយើងឃើញក្នុងរឿងមែនដែរទេ? ហេតុអ្វីបានមនុស្សស្រីខ្សោយជាងមនុស្សប្រុសក្នុងការទំនាក់ទំនងជាមួយមនុស្សមិនស្គាល់គ្នា និង មនុស្សដែលប្លែកពីនាង?បើទោះជាទទួលបានលទ្ធផលគាប់ប្រសើរជោគជ័យក្នុងសាលាតែអាចនឹងក្លាយជាស្ត្រីជោគជ័យបានដែរទេបើនាងមិនធ្លាប់បានប្រឡូកក្នុងសង្គមជាក់ស្ដែងផងនឹងតើក្ដីស្រមៃរបស់កូនស្រីអាចក្លាយជាការពិតទេពេលដែលនាងមិនធ្លាប់បានទៅណាមកណាក្រៅតែពីសាលានិងផ្ទះ? តើស្រ្តីដែលជោគជ័យនៅលើពិភពលោកទទួលបានសមិទ្ធិផលទាំងនោះព្រោះពួកគាត់គោរពតាមវិន័យសំពត់ក្នុងផ្នត់ដែលឳពុកម្ដាយតែងប្រដៅមែនទេ? វិន័យបែបនេះវាហាក់បីដូចជាមិនសមហេតុផលនិងអយុត្តិធម៌ចំពោះកូនស្រីខ្លាំងណាស់ តើប៉ុន្មានដងដែលកូនស្រីចង់ចាកចេញពីវាព្រោះទ្រាំនឹងគំនាបរនាំងវិន័យនេះ តែត្រូវមកចុះចាញ់ពេលដែលឳពុកម្ដាយលើកឡើងអំពីសុវត្ថិភាព និងការពិតដែលអ្នកកើតមកជាកូនស្រី ។ ជួនកាលបរិយាកាសសុខស្រួលដែលឳពុកម្តាយបានផ្តល់ឱ្យកូនស្រីរបស់គាត់អាចជាអ្វីដែលនាងមិនចង់បាន។ កូនស្រីគ្រប់រូបមានក្តីស្រមៃផ្ទាល់ខ្លួន, មុខជំនាញដែលចង់រៀន, កន្លែងដែលចង់ទៅ, និង រឿងជាច្រើនដែលចង់ស្វែងយល់ដោយខ្លួនឯង។ ចុះបើឳពុកម្តាយផ្លាស់ផ្តូរផ្នត់គំនិតឱ្យសេរីភាពកូនស្រីគ្រប់គ្រាន់ទៅសិក្សាអំពីពិភពលោក ហើយ ជាលទ្ធផលកូនស្រីរបស់អ្នកគឺនៅតែទទួលបានលទ្ធផលល្អក្នុងសាលា ព្រមទាំងនៅជុំវិញមនុស្សល្អៗដែលត្រូវជាមួយនឹងអត្តចរិកខ្លួន, នាំយកនូវសមិទ្ធផលល្អៗដែលអ្នកជាឳពុកម្តាយនឹងមានមោទនភាព, តើរនាំងសេរីភាពរបស់កូនស្រីនឹងត្រូវកាត់ចេញទេ? ពេលខ្លះ, វិធីវៃឆ្លាតក្នុងការអប់រំកូនស្រីរបស់អ្នកគឺការឱ្យសេរីភាពទៅនាង និង ទំនុកចិត្តរបស់អ្នក, បើកបេះដូងឱ្យទូលាយដោយការឱ្យឱកាសសម្រាប់កូនសាងភាពរឹងមាំដោយខ្លួនឯង ដើម្បីហោះហើរទៅរកពិភពលោកផ្ទាល់ខ្លួន។ បើសិនជាឳពុកម្តាយមិនមែនជាអ្នកគាំទ្រទី១របស់កូនស្រីខ្លួនឯងទេនោះ, តើមានអ្នកណាផ្សេងដែលសក្តិសមជាងទៅ?
អត្ថបទ : សន ស្រីម៉ុម
ប្រែសម្រួល : Mind Power
No comments:
Post a Comment