នាពេលបច្ចុប្បន្ននេះឃើញថាសន្ទុះនៃការចង់ចូលរៀនជំនាញពេទ្យរបស់និស្សិតក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមានការកើនឡើងខ្លាំងព្រោះពួកគេគិតថាជាជំនាញងាយរកការងារធ្វើ និងរកស៊ី។ តែមុននឹងធ្វើការសម្រេចចិត្តថាគួររៀនជំនាញពេទ្យដែរឬទេ Mind Power មានជាគំនិតយោបល់ខ្លះៗដើម្បីជាទុនក្នុងការពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ។
មុននឹងធ្វើការសម្រេចចិត្តនោះត្រូវគិតទៅលើ ៖
១. ចំណងចំនូលចិត្ត ៖វាជារឿងសំខាន់បំផុត មុននឹងសម្រេចចិត្តថារៀនជំនាញអ្វីមួយដំបូងត្រូវសួរខ្លួនឯងជាមុនថាមានចំណងចំនូលចិត្តពិតប្រាកដចំពោះជំនាញដែលចង់រៀននោះដែរឬទេ? ម៉្យាងជំនាញពេទ្យជាជំនាញពិបាករៀន និងរៀនមានរយៈពេលយូរដូច្នេះ មិនគួរសម្រេចចិត្តរៀនតាមគ្នា រៀនតាមបំណងឪពុកម្ដាយ រៀនព្រោះមិនដឹងរៀនជំនាញអ្វី ។ អ្នកអាចនឹងស្ដាយក្រោយព្រោះខ្លួនឯងជាអ្នករៀនផ្ទាល់ ជួបបញ្ហាផ្ទាល់ ប្រសិនបើវាមិនមែនជាចំណង់ចំនូលចិត្តយើងផ្ទាល់ទេយើងងាយនឹងបោះបង់ ម៉្យាងអាចខាតទាំងពេលវេលានិងថវិការ ។
២. មានគោលដៅច្បាស់លាស់ ៖
អ្នកនឹងមានអារម្មណ៍តែលតោលដូចនៅកណ្ដាលមហាសមុទ្រប្រសិនបើសម្រេចចិត្តរៀនពេទ្យដោយមិនមានគោលដៅច្បាស់លាស់ ហើយការសិក្សាក៏ហាក់ដូចជាមិនចំគោលដៅនៅពេលចេញទៅដល់ទីផ្សារការងារ ព្រោះរៀនច្រើនណេះបន្តិចណោះបន្តិច មិនសូវជាស៊ីជម្រៅ ប៉ុន្តែបើសិនជាយើងមានគោលដៅច្បាសលាស់នោះយើងអាចសម្រួចមុខវិជ្ជាជំនាញឲ្យខ្លាំងពីពេលនៅរៀនជាជាងចាំដល់ពេលចេញធ្វើការរកស៊ី។ ដូច្នេះការសម្រេចចិត្តរៀនពេទ្យត្រូវធ្វើឡើងដោយការចូលចិត្ត និងគោលដៅច្បាសលាស់ដើម្បីបង្ករភាពងាយស្រួលដល់ការសិក្សាឲ្យចំគោលដៅនិងជាជំនួយដល់កម្លាំងចិត្តក្នុងការបន្តរដំណើរលើវិថីដ៏យូរអង្វែងនេះផងដែរ។
៣. ស្ថានភាពគ្រួសារ ៖
នេះក៏ជារឿងមួយសំខាន់ដែរព្រោះថាការរៀនជំនាញពេទ្យគឺមានការបង់ថ្លៃសាលាដែលមានតម្លៃថ្លៃជាងជំនាញដទៃទៀត លើសពីនេះត្រូវចំណាយលើសំភារៈសិក្សាក៏ច្រើន បូករួមទាំងថ្លៃចាយវាយប្រចាំថ្ងៃ និងការរៀនភាសាបន្ថែមទៀតគិតទៅមួយឆ្នាំៗគឺមិនតិចទេ យើងគួរសួរយោបល់ពីខាងក្រុមគ្រួសារជាមុនថាពួកគាត់អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទំនុកបម្រុងយើងបានដែរឬទេ ជៀសវាងការឈប់កណ្ដាលទីធ្វើឲ្យខាតពេលវេលា។ តែទោះជាយ៉ាងណាបើសិនជាខ្លួនឯងពិតជាមានឆន្ទះចង់រៀនជំនាញពេទ្យ តែមិនមានលទ្ធភាពនោះយើងអាចពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដើម្បីប្រលងយកអាហារូបករណ៍បានព្រោះមានសាលាមួយចំនួនក៏មានផ្ដល់ជាអាហារូបករណ៍ផងដែរ ។
៤. មានការអត់ធ្មត់ តស៊ូរ និងមានការតាំងចិត្តខ្ពស់ ៖
ដូចបានដឹងហើយទោះជារៀនជំនាញអ្វីក៏ពិបាកដែរ សំខាន់ត្រង់ថា យើងអាចអត់ធ្មត់ តស៊ូ ជំនះភាពលំបាកនោះបានកម្រិតណា? ម៉្យាងរៀនជំនាញពេទ្យគឺមានមុខវិជ្ជាពិបាកៗជាច្រើន ហើយត្រូវមានកម្មសិក្សាតាមន្ទីរពេទ្យ មានយាម ដូច្នេះទាមទារការអត់ធ្មត់ តស៊ូ ព្យាយាមខ្ពស់ដើម្បីទទួលបានជោគជ័យក្នុងការរៀនជំនាញនេះ ។
៥. ការលះបង់ ៖
ការលះបង់ធំធេងបំផុតនោះគឺពេលវាលា ព្រោះថាអ្នកនឹងមិនមានពេលវេលាដើម្បីបំពេញការសប្បាយនិងឈប់សម្រាកបានច្រើនតាមតែយើងចង់បាននោះទេ គឺចាប់តាំងពីឈានជើងចូលរៀនរហូតចេញធ្វើការរកស៊ី។ ចាំទុកថាអ្នកនឹងគ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃបុណ្យដូចជាអ្នកធ្វើការការិយាល័យទេឬជំនាញផ្សេងទេ មានយាមប្រចាំការមិនថាថ្ងៃបុណ្យជាតិ បុណ្យមិនជាតិទេ
លើសពីអ្វីដែលបានលើកឡើងគឺនៅមានចំនុចជាច្រើនទៀតដែលយើងអាចឃើញកើតមានក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាដើម ដូច្នេះមុននឹងសម្រេចចិត្តថារៀនជំនាញពេទ្យត្រូវគិតឲ្យបានច្បាស់លាស់ជាមុន ។ ជាចុងក្រោយសូមជូនពរឲ្យអ្នកដែលមានបំណងប្រលងចូលរៀនជំនាញពេទ្យទាំងអស់សម្រេចបាននូវជោគជ័យ ៕
No comments:
Post a Comment