តើអ្នកគួរតែសាកល្បងរស់នៅម្នាក់ឯងទេ?
ជីវិតដែលយើងធ្លាប់រស់នៅជួបជុំគ្រួសារបងប្អូនសាច់ញាតិ្តពិតណាស់ធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅ មានផាសុខភាព មិនមានអារម្មណ៍ឯកា ប៉ុន្តែយើងមិនធ្លាប់គិតទេថាបើពេលណាមួយយើងបែកពីពួកគេទៅយើងនឹងជួបការលំបាកអ្វីខ្លះ មានអារម្មណ៍យ៉ាប់យ៉ើនកម្រិតណា?
ហេតុអ្វីត្រូវចំណាយពេលណាមួយក្នុងឆាកជីវិតរស់នៅម្នាក់ឯង ?
ក្នុងឆាកជីវិតយ៉ាងហោចណាស់អ្នកគួរជ្រើសរើសពេលវេលាណាមួយដើម្បីរស់នៅតែម្នាក់ឯងឲ្យបានម្ដងដែរ ព្រោះថាការរស់នៅម្នាក់ឯងគឺជាពេលវាលាមួយដែលយើងអាចស្វែងយល់ពីជីវិតពិតដែលមានគ្រប់រស់ជាតិ។
បើក្នុងមួយជីវិតអ្នកមិនធ្លាប់រស់នៅម្នាក់ឯងសោះអ្នកនឹងមិនបានជួបរឿងខ្លះដែលអ្នកមិនអាចស្មានដល់នោះទេដូច្នេះអ្នកគួរតែរកពេលណាមួយដើម្បីរស់នៅម្នាក់ឯង។ ពេលវេលាដែលអ្នកនៅម្នាក់ឯងពីដំបូងអ្នកនឹងមានអារម្មណ៍ថាឯកា ខ្វះភាពកក់ក្ដៅ មានអារម្មណ៍ថាខ្លួនឯងដូចជាត្រូវគេបោះបង់ចោល ហើយក៏ជាពេលវេលាដែលអ្នកមានអារម្មណ៍ថាជីវិតនេះគ្មានន័យឈានដល់មានជំងឺបាក់ទឹកចិត្តទៀតផង។ ប៉ុន្តែបន្ទាប់ពីអ្នកតស៊ូររស់នៅម្នាក់ឯងបានមួយរយៈអ្នកបានឆ្លងកាត់ពេលវេលាដ៏លំបាក អ្នកនឹងមានអារម្មណ៍ធូរស្រាលឡើងវិញ ហើយអ្នកអាចដឹងថាអ្នកគួរធ្វើអ្វីដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត អ្នកនឹងរកឃើញពីចំនុចខ្សោយនិងចំនុចខ្លាំងរបស់ខ្លួន និងចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ។ លើសពីនេះបន្ទាប់ពីឆ្លងកាត់រឿងជាច្រើនដែលកើតឡើងអំឡុងពេលអ្នករស់នៅម្នាក់ឯងនោះអ្នកនឹងក្លាយជាមនុស្សរឹងមាំ មានការអត់ធ្មត់ខ្ពស់ មានការគិតគូរវែងឆ្ងាយ មានគំនិតច្នៃប្រឌិតថ្មីៗ ចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង និងចេះរៀនគិតបែបវិជ្ជមានផងដែរ ។ ម៉្យាងវិញទៀតពេលដែលអ្នកនៅម្នាក់ឯងអ្នកមានសេរីភាពសព្វគ្រប់បែបយ៉ាងមិនថាពេលញ៉ាំ ពេលដើរលេង ពេលដេក…និងមានពេលវេលាសម្រាប់ខ្លួនច្រើនដើម្បីធ្វើរឿងដែលខ្លួនឯងពេញចិត្ត និងមិនមានអារម្មណ៍ថាមានសម្ពាធ អាចនិយាយបានថាវាជាសេរីភាពក្នុងការប្រើជីវិតឯកជនរបស់អ្នកបានពេញលេញ។ ទាំងនេះគឺជាបទពិសោធន៍ជីវិតដែលអ្នកធ្លាប់បានឆ្លងកាត់រួចមកហើយដូច្នេះពេលដែលអ្នកជួបហេតុការណ៍បែបនេះម្ដងទៀតអ្នកនឹងមិនមានអារម្មណ៍ប៉ះទង្គិចខ្លាំង មិនមានអារម្មណ៍តក់ស្លុតនឹងការរស់នៅម្នាក់ឯងទៀតឡើយ។
ប៉ុន្តែអំឡុងពេលដែលអ្នកសម្រេចចិត្តថាសាកល្បងរស់នៅម្នាក់ឯងអ្នកក៏ត្រូវការនរណាម្នាក់ចាំជួយដាស់តឿន ក្រើនរំលឹកអ្នក ដើម្បីកុំឲ្យអ្នកជ្រុលខ្លួនក្នុងការដើរផ្លូវខុស ទៅសេពគប់មិត្តមិនល្អ សេពគប់គ្រឿងញៀន ឬធ្វើអ្វីដែលផ្ទុយពីច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯងនោះទេ ។
No comments:
Post a Comment