Wednesday, October 11, 2017

កម្រងសម្ដីមាសរបស់លោក សោម សម្បត្តិ នាយកប្រតិបត្តិនៃសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint

11:24 PM 0
(Mind Power)

លោក សោម សម្បត្តិ ជាបុគ្គលជោគជ័យមួយរូបដែលខំប្រឹងតស៊ូតាំងពីជីវភាពខ្សត់ខ្សោយរហូតក្លាយជានាយកប្រតិបត្តិនៃសហគ្រាសផលិតថ្នាំពណ៌ជាតិ Cam-Paint ដ៏ល្បីឈ្មោះក្នុងវិស័យជំនួញនិងលេចមុខជាវាគ្មិនក្នុងកម្មវិធីជាច្រើននៅកម្ពុជា។



ខាងក្រោមនេះជាកម្រងសម្ដីមាសរបស់លោក ៖

១. ដើម្បីឲ្យគេចង់បានយើង យើងត្រូវធ្វើខ្លួនឲ្យគេចង់បាន ។
២. លះបង់នូវអ្វីដែលគួរឲ្យស្អប់អ្នកនឹងទទួលបាននូវអ្វីដែលគួរឲ្យស្រលាញ់ ។
៣. ជោគជ័យវាមិនមែនជាកម្មសិទ្ធរបស់អ្នកខ្លាចនោះទេ វាជាកម្មសិទ្ធរបស់អ្នកហ៊ាន ។
៤. បើអ្នកចង់បានមេដឹកនាំល្អអ្នកត្រូវធ្វើខ្លួនឲ្យល្អ ពីព្រោះអ្នកនេះឯងជាអ្នកដឹកនាំខ្លួនឯងនិងអ្នកដទៃ ។


៥. អ្នកដឹកនាំគឺជាមនុស្សធម្មតាដែលខំធ្វើការងារមិនធម្មតា ។ គ្រប់គ្នានឹងក្លាយជាអ្នកដឹកនាំនៅពេលដែលយើងសម្រេចចិត្តធ្វើការមិនធម្មតា ។
៦. មនុស្សស្មោះត្រង់មិនខ្វះកន្លែងត្រូវរស់ទេ ចំណែកឯមនុស្សវៀចវេរមិនងាយនឹងរកកន្លែងរស់បានទេ ។
៧. កុំបង្កើនការព្រួយបារម្ភ គួរបង្កើនឥទ្ធិពល កុំផ្ដោតលើបញ្ហាគួរផ្ដោតលើដំណោះស្រាយ គ្រប់ជីវិតមាន ខ្លាំង ខ្សោយ គ្រោះ លាភ ។
៨. លុយកាកបុណ្យសក្កិ គឺជាផ្លែផ្កា ញាតិមិត្តគ្រួសារគឺជាឬសគល់ ។
៩. ថ្នាំមួយគ្រាប់មិនអាចព្យាបាលជំងឺមួយរយមុខបានទេ ផ្ទុយទៅវិញជំងឺមួយមុខអាចត្រូវព្យាបាលដោយថ្នាំរយគ្រាប់ ៕




Friday, October 6, 2017

គួរតែសាកល្បងរស់នៅម្នាក់ឯងឬទេ?

12:11 AM 0



តើអ្នកគួរតែសាកល្បងរស់នៅម្នាក់ឯងទេ?


ជីវិតដែលយើងធ្លាប់រស់នៅជួបជុំគ្រួសារបងប្អូនសាច់ញាតិ្តពិតណាស់ធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅ មានផាសុខភាព មិនមានអារម្មណ៍ឯកា ប៉ុន្តែយើងមិនធ្លាប់គិតទេថាបើពេលណាមួយយើងបែកពីពួកគេទៅយើងនឹងជួបការលំបាកអ្វីខ្លះ មានអារម្មណ៍យ៉ាប់យ៉ើនកម្រិតណា?

ហេតុអ្វីត្រូវចំណាយពេលណាមួយក្នុងឆាកជីវិតរស់នៅម្នាក់ឯង ?


ក្នុងឆាកជីវិតយ៉ាងហោចណាស់អ្នកគួរជ្រើសរើសពេលវេលាណាមួយដើម្បីរស់នៅតែម្នាក់ឯងឲ្យបានម្ដងដែរ ព្រោះថាការរស់នៅម្នាក់ឯងគឺជាពេលវាលាមួយដែលយើងអាចស្វែងយល់ពីជីវិតពិតដែលមានគ្រប់រស់ជាតិ។

បើក្នុងមួយជីវិតអ្នកមិនធ្លាប់រស់នៅម្នាក់ឯងសោះអ្នកនឹងមិនបានជួបរឿងខ្លះដែលអ្នកមិនអាចស្មានដល់នោះទេដូច្នេះអ្នកគួរតែរកពេលណាមួយដើម្បីរស់នៅម្នាក់ឯង។ ពេលវេលាដែលអ្នកនៅម្នាក់ឯងពីដំបូងអ្នកនឹងមានអារម្មណ៍ថាឯកា ខ្វះភាពកក់ក្ដៅ មានអារម្មណ៍ថាខ្លួនឯងដូចជាត្រូវគេបោះបង់ចោល ហើយក៏ជាពេលវេលាដែលអ្នកមានអារម្មណ៍ថាជីវិតនេះគ្មានន័យឈានដល់មានជំងឺបាក់ទឹកចិត្តទៀតផង។ ប៉ុន្តែបន្ទាប់ពីអ្នកតស៊ូររស់នៅម្នាក់ឯងបានមួយរយៈអ្នកបានឆ្លងកាត់ពេលវេលាដ៏លំបាក អ្នកនឹងមានអារម្មណ៍ធូរស្រាលឡើងវិញ ហើយអ្នកអាចដឹងថាអ្នកគួរធ្វើអ្វីដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត អ្នកនឹងរកឃើញពីចំនុចខ្សោយនិងចំនុចខ្លាំងរបស់ខ្លួន និងចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ។ លើសពីនេះបន្ទាប់ពីឆ្លងកាត់រឿងជាច្រើនដែលកើតឡើងអំឡុងពេលអ្នករស់នៅម្នាក់ឯងនោះអ្នកនឹងក្លាយជាមនុស្សរឹងមាំ មានការអត់ធ្មត់ខ្ពស់ មានការគិតគូរវែងឆ្ងាយ មានគំនិតច្នៃប្រឌិតថ្មីៗ ចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង និងចេះរៀនគិតបែបវិជ្ជមានផងដែរ ។ ម៉្យាងវិញទៀតពេលដែលអ្នកនៅម្នាក់ឯងអ្នកមានសេរីភាពសព្វគ្រប់បែបយ៉ាងមិនថាពេលញ៉ាំ ពេលដើរលេង ពេលដេក…និងមានពេលវេលាសម្រាប់ខ្លួនច្រើនដើម្បីធ្វើរឿងដែលខ្លួនឯងពេញចិត្ត និងមិនមានអារម្មណ៍ថាមានសម្ពាធ អាចនិយាយបានថាវាជាសេរីភាពក្នុងការប្រើជីវិតឯកជនរបស់អ្នកបានពេញលេញ។ ទាំងនេះគឺជាបទពិសោធន៍ជីវិតដែលអ្នកធ្លាប់បានឆ្លងកាត់រួចមកហើយដូច្នេះពេលដែលអ្នកជួបហេតុការណ៍បែបនេះម្ដងទៀតអ្នកនឹងមិនមានអារម្មណ៍ប៉ះទង្គិចខ្លាំង មិនមានអារម្មណ៍តក់ស្លុតនឹងការរស់នៅម្នាក់ឯងទៀតឡើយ។

ប៉ុន្តែអំឡុងពេលដែលអ្នកសម្រេចចិត្តថាសាកល្បងរស់នៅម្នាក់ឯងអ្នកក៏ត្រូវការនរណាម្នាក់ចាំជួយដាស់តឿន ក្រើនរំលឹកអ្នក ដើម្បីកុំឲ្យអ្នកជ្រុលខ្លួនក្នុងការដើរផ្លូវខុស ទៅសេពគប់មិត្តមិនល្អ សេពគប់គ្រឿងញៀន ឬធ្វើអ្វីដែលផ្ទុយពីច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯងនោះទេ ។


| អត្ថបទដោយ ៖ Mind Power
សូមកុំធ្វើការចម្លងអត្ថបទដោយមិនមានការអនុញ្ញាត

បើសិនជាអ្នកពេញចិត្តអត្ថបទនេះសូមជួយ like & Shared


Tuesday, October 3, 2017

មុននឹងសម្រេចចិត្តចូលរៀនជំនាញពេទ្យត្រូវគិតលើកត្តាអ្វីខ្លះ?

10:14 PM 0

នាពេលបច្ចុប្បន្ននេះឃើញថាសន្ទុះនៃការចង់ចូលរៀនជំនាញពេទ្យរបស់និស្សិតក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមានការកើនឡើងខ្លាំងព្រោះពួកគេគិតថាជាជំនាញងាយរកការងារធ្វើ និងរកស៊ី។ តែមុននឹងធ្វើការសម្រេចចិត្តថាគួររៀនជំនាញពេទ្យដែរឬទេ Mind Power មានជាគំនិតយោបល់ខ្លះៗដើម្បីជាទុនក្នុងការពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ។

មុននឹងធ្វើការសម្រេចចិត្តនោះត្រូវគិតទៅលើ ៖

១. ចំណងចំនូលចិត្ត ៖
វាជារឿងសំខាន់បំផុត មុននឹងសម្រេចចិត្តថារៀនជំនាញអ្វីមួយដំបូងត្រូវសួរខ្លួនឯងជាមុនថាមានចំណងចំនូលចិត្តពិតប្រាកដចំពោះជំនាញដែលចង់រៀននោះដែរឬទេ? ម៉្យាងជំនាញពេទ្យជាជំនាញពិបាករៀន និងរៀនមានរយៈពេលយូរដូច្នេះ មិនគួរសម្រេចចិត្តរៀនតាមគ្នា រៀនតាមបំណងឪពុកម្ដាយ រៀនព្រោះមិនដឹងរៀនជំនាញអ្វី ។ អ្នកអាចនឹងស្ដាយក្រោយព្រោះខ្លួនឯងជាអ្នករៀនផ្ទាល់ ជួបបញ្ហាផ្ទាល់ ប្រសិនបើវាមិនមែនជាចំណង់ចំនូលចិត្តយើងផ្ទាល់ទេយើងងាយនឹងបោះបង់ ម៉្យាងអាចខាតទាំងពេលវេលានិងថវិការ ។

២. មានគោលដៅច្បាស់លាស់ ៖
អ្នកនឹងមានអារម្មណ៍តែលតោលដូចនៅកណ្ដាលមហាសមុទ្រប្រសិនបើសម្រេចចិត្តរៀនពេទ្យដោយមិនមានគោលដៅច្បាស់លាស់ ហើយការសិក្សាក៏ហាក់ដូចជាមិនចំគោលដៅនៅពេលចេញទៅដល់ទីផ្សារការងារ ព្រោះរៀនច្រើនណេះបន្តិចណោះបន្តិច មិនសូវជាស៊ីជម្រៅ ប៉ុន្តែបើសិនជាយើងមានគោលដៅច្បាសលាស់នោះយើងអាចសម្រួចមុខវិជ្ជាជំនាញឲ្យខ្លាំងពីពេលនៅរៀនជាជាងចាំដល់ពេលចេញធ្វើការរកស៊ី។ ដូច្នេះការសម្រេចចិត្តរៀនពេទ្យត្រូវធ្វើឡើងដោយការចូលចិត្ត និងគោលដៅច្បាសលាស់ដើម្បីបង្ករភាពងាយស្រួលដល់ការសិក្សាឲ្យចំគោលដៅនិងជាជំនួយដល់កម្លាំងចិត្តក្នុងការបន្តរដំណើរលើវិថីដ៏យូរអង្វែងនេះផងដែរ។

៣. ស្ថានភាពគ្រួសារ ៖
នេះក៏ជារឿងមួយសំខាន់ដែរព្រោះថាការរៀនជំនាញពេទ្យគឺមានការបង់ថ្លៃសាលាដែលមានតម្លៃថ្លៃជាងជំនាញដទៃទៀត លើសពីនេះត្រូវចំណាយលើសំភារៈសិក្សាក៏ច្រើន បូករួមទាំងថ្លៃចាយវាយប្រចាំថ្ងៃ និងការរៀនភាសាបន្ថែមទៀតគិតទៅមួយឆ្នាំៗគឺមិនតិចទេ យើងគួរសួរយោបល់ពីខាងក្រុមគ្រួសារជាមុនថាពួកគាត់អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទំនុកបម្រុងយើងបានដែរឬទេ ជៀសវាងការឈប់កណ្ដាលទីធ្វើឲ្យខាតពេលវេលា។ តែទោះជាយ៉ាងណាបើសិនជាខ្លួនឯងពិតជាមានឆន្ទះចង់រៀនជំនាញពេទ្យ តែមិនមានលទ្ធភាពនោះយើងអាចពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដើម្បីប្រលងយកអាហារូបករណ៍បានព្រោះមានសាលាមួយចំនួនក៏មានផ្ដល់ជាអាហារូបករណ៍ផងដែរ ។

៤. មានការអត់ធ្មត់ តស៊ូរ និងមានការតាំងចិត្តខ្ពស់ ៖
ដូចបានដឹងហើយទោះជារៀនជំនាញអ្វីក៏ពិបាកដែរ សំខាន់ត្រង់ថា យើងអាចអត់ធ្មត់ តស៊ូ ជំនះភាពលំបាកនោះបានកម្រិតណា? ម៉្យាងរៀនជំនាញពេទ្យគឺមានមុខវិជ្ជាពិបាកៗជាច្រើន ហើយត្រូវមានកម្មសិក្សាតាមន្ទីរពេទ្យ មានយាម ដូច្នេះទាមទារការអត់ធ្មត់ តស៊ូ ព្យាយាមខ្ពស់ដើម្បីទទួលបានជោគជ័យក្នុងការរៀនជំនាញនេះ ។

៥. ការលះបង់ ៖
ការលះបង់ធំធេងបំផុតនោះគឺពេលវាលា ព្រោះថាអ្នកនឹងមិនមានពេលវេលាដើម្បីបំពេញការសប្បាយនិងឈប់សម្រាកបានច្រើនតាមតែយើងចង់បាននោះទេ គឺចាប់តាំងពីឈានជើងចូលរៀនរហូតចេញធ្វើការរកស៊ី។ ចាំទុកថាអ្នកនឹងគ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃបុណ្យដូចជាអ្នកធ្វើការការិយាល័យទេឬជំនាញផ្សេងទេ មានយាមប្រចាំការមិនថាថ្ងៃបុណ្យជាតិ បុណ្យមិនជាតិទេ

លើសពីអ្វីដែលបានលើកឡើងគឺនៅមានចំនុចជាច្រើនទៀតដែលយើងអាចឃើញកើតមានក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាដើម ដូច្នេះមុននឹងសម្រេចចិត្តថារៀនជំនាញពេទ្យត្រូវគិតឲ្យបានច្បាស់លាស់ជាមុន ។ ជាចុងក្រោយសូមជូនពរឲ្យអ្នកដែលមានបំណងប្រលងចូលរៀនជំនាញពេទ្យទាំងអស់សម្រេចបាននូវជោគជ័យ ៕

Saturday, September 30, 2017

ខុងមិញ (ជូកឺលៀង) មានមហិទ្ធិឬទ្ធិហៅខ្យល់ពិតមែន?

10:06 PM 0

អ្វីដែលនៅពីក្រោយការហៅខ្យល់របស់ខុងមិញ (ជូកឺលៀង) ក្នុងសង្គ្រាមឆឺពី


(Mind Power) ៖ អ្នកដែលធ្លាប់បានមើលរឿងសាមកុកប្រាកដជាបានដឹងថាមានវគ្គមួយដែលនិយាយពីសង្គ្រាមនៅឆឺពីនៅនគរអ៊ូមិនខាន។​ក្នុងពេលនោះ ខុង មិញនិង មេទ័ពធំ ចូវ អ៉ីបាននិយាយគ្នាពីយុទ្ធសាស្ត្រដើម្បីឲ្យខ្សោយយកឈ្នះខ្លាំងបាន ពេលនោះពួកគេបានសរសេរដាក់បាតដៃហើយលើកបង្ហាញក្នុងពេលដំណាលគ្នា “គឺប្រើភ្លើង” តែគួរឲ្យស្ដាយនៅត្រើយទន្លេខាងកើតមិនមានខ្យល់បកពីទឹកខាងកើតទេបើប្រើភ្លើងដុតប្រាកដជាឆេះខ្លួនឯងវិញហើយ តែពេលនោះខុង មិញ ធានាខ្លួនហៅខ្យល់ឲ្យចូវ អ៉ី ។

តើខុងមិញពិតជាមានមហិទ្ធិឬទ្ធិពិសេសអាចហៅខ្យល់ពីទិសខាងកើតបានពិតមែន?

ដោយសារតែខុង មិញជាមនុស្សមានឧត្តមគតិត្រៀមខ្លួននឹងធ្វើកិច្ចការធំស្រាប់ទៅហើយទើបខណៈពេលដែលលាក់ខ្លួនសិក្សារកចំណេះដឹងនៅលើភ្នំ គាត់ត្រូវតែចាប់អារម្មណ៍ពីស្ថានភាពអាកាសធាតុនៅក្នុងតំបន់នោះយ៉ាងខ្លាំងតាមទម្លាប់ទាហានដែលមានចក្ចុវិស័យវែងឆ្ងាយ ដូច្នេះហើយគាត់អាចយល់ច្បាស់ពីសភាពនៃការផ្លាស់ប្ដូរអាកាសធាតុត្រើយទន្លេទាំងពីរ។


គោលការនៃការផ្លាស់ប្តូរអាកាសធាតុគឺបើគណនាពីមធ្យមភាគនៃការផ្លាស់ប្ដូរតាមបាតុភូតធម្មជាតិយើងនឹងដឹងពីការផ្លាស់ប្ដូររបស់អាកាសធាតុពិតៗនៅក្នុងខណៈពេលនីមួយៗបានដូចជាថ្ងៃ១៥កើត ខែ៨ ពពកនឹងបាំងព្រះច័ន្ទ ថ្ងៃ១៥កើត ខែមិគសិរ ព្រឹលនឹងធ្លាក់ខ្លាំង ។ ប្រជាជនអាស្រ័យទៅលើការសង្កេត ហើយយកមកសរុបធ្វើជារូបមន្តក្នុងការព្យាករអាកាសធាតុបានដោយងាយ ដូច្នេះមិនមានអ្វីប្លែកទេដែលមនុស្សមានប្រាជ្ញាដូចជា ខុងមិញ ទស្សន៍ទាយការផ្លាស់ប្ដូរអាកាសធាតុបាន។


ថ្ងៃដែល ខុងមិញ ហៅខ្យល់នោះជាថ្ងៃដើមរដូវរងារនៅក្នុងតម្រាព្យាករណ៍អាកាសធាតុសម័យបុរាណបាននិយាយ “នៅដើមរដូវរងារអាកាសធាតុត្រជាក់នឹងចាប់ផ្ដើមគ្របដណ្ដប់ ចំណែកឯអាកាសធាតុក្ដៅក៏ចាប់ផ្ដើមអណ្ដែកឡើងទៅលើខ្ពស់” មានន័យថានៅពេលអាកាសធាតុក្ដៅនិងត្រជាក់ប៉ះគ្នាធ្វើឲ្យមានការផ្លាស់ប្ដូរកើតឡើងនៅទិសខាងជើងទន្លេរ។ ដូច្នេះមហិទ្ធិឬទ្ធិរបស់ ខុងមិញក្នុងរឿងសាមកុកនោះជាមហិទ្ធិឬទ្ធិដែលជាវិទ្យាសាស្ត្រប៉ុណ្ណោះ ។


រឿងខុងមិញហៅខ្យល់នេះផ្ដល់ជាឧទាហរណ៍ដល់យើងថានៅក្នុងពេលធម្មតាយើងគួរតែធ្វើជាមនុស្សដែលពូកែសង្កេត ៕



| អត្ថបទដោយ ៖ Mind Power ®
ឯកសារដកស្រង់ ៖ ល្បិចទល់មេឃបំបែកក្បួនសាមកុក (ភាគ១)
បើសិនជាអ្នកពេញចិត្តអត្ថបទនេះសូមជួយ like & Shared


ការប្រើប្រាស់ថ្នាំ “អាម៉ុកស៊ីលីន ( Amoxicillin)” ឲ្យទទួលបានប្រសិទ្ឋភាពខ្ពស់

1:59 AM 0

ការប្រើប្រាស់ថ្នាំ “អាម៉ុកស៊ីលីន (Amoxicillin)” ឲ្យទទួលបានប្រសិទ្ឋភាពខ្ពស់

អាម៉ុកស៊ីលីន គឺជាប្រភេទថ្នាំ អង់ទីប៊ីយូទិក ដែលស្ថិតក្នុងក្រុមជាមួយនឹង ពពួកថ្នាំ ប៉េណេស៊ីលីន ( Penicillin) ។ អាម៉ុកស៊ីលីន ត្រូវបានគេប្រើសម្រាប់ ធ្វើការព្យាបាល ការចម្លងរោគរបស់ ពពួកបាក់តេរី មានដូចជា ៖ ការចម្លងរោគនៅក្នុងត្រចៀក, ប្លោកនោម, ជំងឺប្រមេះ, មានខ្ទុះនៅក្នុងជើងធ្មេញ, ជំងឺរលាកត្រចៀក និង ជំងឺរលាកទងសួត។ ថ្នាំអាម៉ុកស៊ីលីនត្រូវបានគេ ប្រើរួមផ្សំជាមួយនឹង ថ្នាំ ក្លារីត្រូមីស៊ីន ( clarithromycin) ដើម្បីបំផ្លាញនូវ ការចម្លងរោគ នៅផ្នែកខាងក្រោមក្រពះ ចំពោះជំងឺដំបៅក្រពះ។

របៀបប្រើប្រាស់ថ្នាំនេះ

អ្នកអាចលេបវា នៅមុន ឬ ក្រោយពេលទទួលទានអាហារ។ សម្រាប់ថ្នាំទឹក ប្រសិនបើវាត្រូវបានទុកជាយូរមក ហើយ អ្នកត្រូវធ្វើការក្រឡុក វាជាមុនសិន មុននឹងធ្វើ ការប្រើប្រាស់វា។ សម្រាប់ការកំណត់ពីបរិមាណ ដែលអ្នកត្រូវប្រើប្រាស់អ្នកត្រូវប្រើស្លាបព្រារង្វាល់វាអោយបានត្រឹមត្រូវ។ ប្រសិនបើវាជាថ្នាំគ្រាប់រលាយ នោះអ្នកត្រូវ ដាក់វាចូលទៅក្នុងទឹក អោយបានរលាយអស់ និង កូរអោយបានសព្វជាមុនសិន មុន នឹងលេបវា។

អ្វីដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយនឹង វេជ្ជបណ្ឌិត ឬ ឱសថការីមុន ពេលអ្នកចាប់ផ្តើមប្រើប្រាស់វាអ្នកត្រូវចាំថា អ្នកត្រូវតែផ្តល់ដំណឹង ដល់គ្រូពេទ្យ ឬ អ្នកជំនាញផ្នែកសុខភាព ប្រសិនបើអ្នកកំពុងធ្វើ ការប្រើប្រាស់ថ្នាំ ប្រភេទណាមួយ។ មុនពេលធ្វើការប្រើប្រាស់វា អ្នកចាំបាច់ត្រូវប្រាប់ គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមាន ជំងឺផ្នែកតម្រងនោម ឬ បានរងគ្រោះពីការ ចម្លងរោគពីពពួកវីរុស។ ប្រសិនបើអ្នក កំពុងមានគម្រោងចង់បាន កូន ឬ កំពុងបំបៅកូនដោយទឹកដោះ នោះអ្នកត្រូវប្រាកដថា អ្នកបានប្រាប់ គ្រូពេទ្យជាមុន។ ថ្នាំប្រភេទនេះត្រូវបាន ស្ថិតក្នុងក្រុម «ខ» ដែលវានឹងមានការប្រឈមនឹង គ្រោះថ្នាក់នៃការមានគភ៌ ។

ផលរំខាន និង ពេលណា ដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយ នឹងគ្រូពេទ្យ

• មានការរាគ
• ចង្អោរ ឬ ក្អួត
• ឈឺក្រពះ
• ទឹកនោមមានពណ៌ដិតខ្លាំង
• មានស្បែក ឬ ភ្នែកពណ៌លឿង

ចំនុចត្រូវចងចាំ

កម្រិតដែលត្រូវប្រើប្រាស់ និង អ្វីដែលអ្នកត្រូវធ្វើ ពេលអ្នកមិនបាន ប្រើប្រាស់តាមកម្រិតត្រឹមត្រូវ
សម្រាប់ការចម្លងរោគពពួក បាក់តេរីភាគច្រើន វាត្រូវបានគេប្រើប្រាស់ ក្នុងកម្រិតពី ២៥០ ទៅ ៥០០មីលីក្រាម ជារៀងរាល់៨ម៉ោងម្តង។ សម្រាប់ការព្យាបាលជំងឺប្រម៉េះ ដែលមានសភាពធ្ងន់ធ្ងរ វាត្រូវបានគេប្រើម្តងក្នុង កម្រិត ៣ក្រាម ជាមួយនឹង ប្រូបែនស៊ីត ( probencid) ១ក្រាម។
អ្នកត្រូវប្រើវា ទៅតាមការណែនាំរបស់ឱសថការី ឬ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលវាអាស្រ័យទៅតាម សភាពធ្ងន់ធ្ងររបស់ជំងឺអ្នក។
អ្នកត្រូវប្រើអោយគ្រប់ចំនួនដង ទៅតាមការណែនាំរបស់គ្រូពេទ្យ បើទោះបីជាអ្នកមានអារម្មណ៍ថា បានធូរ ស្រាលជាងមុន បន្ទាប់ពីរយៈពេល ១ ឬ ២ថ្ងៃក្រោយពេលអ្នក បានលេបវាក៏ដោយ។

គួរធ្វើយ៉ាងណា នៅពេលដែល អ្នកភ្លេចលេបវា?

ប្រសិនបើអ្នកបានភ្លេចលេបវាម្តង នោះអ្នកត្រូវប្រញាប់លេប វាវិញអោយបានឆាប់រហ័ស នៅពេលដែលអ្នក ចាំវិញ។ ប្រសិនបើវាជិតដល់ពេល ដែលអ្នកត្រូវលេបថ្នាំ នោះម្តងទៀតហើយ នោះអ្នកត្រូវរំលង នូវថ្នាំដែលអ្នក មិនបានលេប និង បន្តប្រើវាទៅតាម កាលវិភាគធម្មតារបស់អ្នក។ អ្នកមិនត្រូវធ្វើការ លេបវាពីរដង ដើម្បីបំពេញនូវ ថ្នាំដែលអ្នកបាន ភ្លេចលេបនោះទេ។